Q&A;

Issue 69

Massimo Reverberi ជាស្ថាបនិករបស់ Bugsolutely ជជែកជាមួយ Horizon អំពីផលិតផលមីអ៊ីតាលីរបស់គាត់ ដែលត្រូវបានហៅថាជាអាហារដ៏អស្ចារ្យថ្មីមួយ។

តើអ្នកអាចប្រាស់យើងអំពី Bugsolutely បានទេ?

ក្រុមហ៊ុនរបស់យើងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2015 ក្រោមម៉ាកសញ្ញា Bugsolutely ដែលជាអ្នកផលិតមីអ៊ីតាលីធ្វើពីម្សៅសត្វចង្រិតដ៏ពិសេសតែមួយគត់។ យើងបានសហការជាមួយសាកលវិទ្យាល័យខនគែន នៅក្នុងការគ្រប់គ្រងកសិដ្ឋានបង្កាត់ពូជ និងសាកលវិទ្យាល័យក្សេត្រសាតនៅក្នុងការកែច្នៃ។

ហេតុអ្វីបានជាអ្នកជ្រើសរើសយកសត្វចង្រិត?

សត្វចង្រិតមានប្រូតេអ៊ីនខ្ពស់រហូតដល់ 65% និងមានកាល់ស្យូម ជាតិដែក វីតាមីន B12 និងអូមេហ្គា 3។ នាពេលថ្មីៗនេះ សត្វចង្រិតកាន់តែត្រូវបានទទួលយកដោយអ្នកទទួលទាននៅជុំវិញពិភពលោកនៅក្នុងប្រភេទចំណីអាហារកែច្នៃ ហើយចំណុចនេះបានធ្វើឲ្យប្រជាជនកាន់តែមានភាពងាយស្រួលក្នុងការសាកទទួលទានផលិតផលធ្វើពីសត្វល្អិតថ្មីៗទាំងនេះ។ សត្វចង្រិតមិនប៉ះពាល់ដល់បរិស្ថាននោះទេ ពីព្រោះពួកគេត្រូវការទឹកតិចជាងសត្វគោ 1,000 ដង និងត្រូវការអាហារតិចជាងសត្វគោ 10 ដង និងមានរយៈពេលចិញ្ចឹមខ្លីជាង។

ហេតុអ្វីបានជាអ្នកជ្រើសរើសបង្កើតអាជីវកម្មរបស់អ្នកនៅក្នុងប្រទេសថៃ?

ខ្ញុំជ្រើសរើសយកប្រទេសថៃ ពីព្រោះប្រទេសនេះជាប់ចំណាត់ថ្នាក់ខ្ពស់មួយនៅក្នុងចំណោមប្រទេសផលិតសត្វល្អិតដែលជាប់ចំណាត់ថ្នាក់ខ្ពស់ៗបំផុតនៅទូទាំងពិភពលោក។ នៅទីនេះ មានកសិដ្ឋានបង្កាត់ពូជសត្វចង្រិតជាង 20,000 កន្លែងនៅទូទាំងប្រទេស ដែលបង្កាត់ពូជបានសត្វចង្រិតចន្លោះពី 4,000 ទៅ 6,000 តោនក្បាលក្នុងមួយឆ្នាំ។ ខ្ញុំគិតថាប្រទេសថៃ ប្រហែលជាប្រទេសដែលផលិតសត្វចង្រិតច្រើនជាងគេបំផុតសម្រាប់ការទទួលទានរបស់មនុស្សនៅលើពិភពលោក។

តើអ្វីគឺជាចំណុចនៃការលក់ពិសេសៗរបស់ Bugsolutely?

មីអ៊ីតាលីរបស់យើង គឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃម្សៅស្រូវសាលី និងម្សៅសត្វចង្រិត 20% និងមានស្តង់នៃការស្រាវជ្រាវ និងផលិតដែលទទួលបានលិខិតបញ្ជាក់។ មីអ៊ីតាលីនេះផ្តល់សាច់ម្សៅ និងពណ៌ប្រហាក់ប្រហែលគ្នាទៅនឹងសាច់ម្សៅ និងពណ៌របស់មីអ៊ីតាលីដែលធ្វើពីម្សៅស្រូវសាលីសុទ្ធដែរ ប៉ុន្តែមានជាតិសរសៃច្រើងជាងពីរដងប្រសិនបើប្រៀបធៀបទៅនឹងមីអ៊ីតាលីធម្មតា។ មីអ៊ីតាលីនេះស័ក្តិសមសម្រាប់អ្នកទទួលទានគ្រប់វ័យ។

 

 
 

តើអ្នកបានជួបនឹងបញ្ហាប្រឈមអ្វីខ្លះខណៈពេលកំពុងផ្សព្វផ្សាយអំពីផលិតផលថ្មីនេះ?

វាមានការលំបាកក្នុងការជ្រាតចូលទៅក្នុងទីផ្សារចំណីអាហារកែច្នៃ ក្នុងអំឡុងពេលនៃដំណាក់កាលដំបូងៗ ពីព្រោះអ្នកទទួលទានមិនទាន់ស្គាល់ច្បាស់អំពីចំណីអាហារប្រភេទនេះនៅឡើយ ទោះបីជាការពិតទៅ សត្វចង្រិតមានរូបរាងកាយស្រដៀងគ្នានឹងសត្វបង្គាក៏ដោយ ប៉ុន្តែសត្វចង្រិតមានភាពស្អាតបាតជាង និងត្រូវបានចិញ្ចឹមនៅក្នុងកសិដ្ឋានដែលអាចទុកចិត្តបាន។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការចាប់ផ្តើមដាក់លក់ និងការផ្សព្វផ្សាយអំពីផលិតផលរបស់យើង យើងបានចាប់ផ្តើមទទួលបានយោបល់ត្រឡប់វិជ្ជមាននៅទូទាំងពិភពលោក ទាំងពីអ្នកទទួលទាន និងមេចុងភៅដែលចង់សាកប្រើប្រាស់មីអ៊ីតាលីប្រភេទថ្មីនេះនៅក្នុងបង្កើតមុខម្ហូបខុសៗគ្នាជាច្រើន។ ពួកគេភាគច្រើនមានការភ្ញាក់ផ្អើល និងជាប់ចិត្តជាមួយរសជាតិដ៏ឆ្ងាញ់របស់មីអ៊ីតាលីនេះ។

តើផែនការនាពេលអនាគតរបស់អ្នក គឺជាអ្វី?

យើងកំពុងរៀបចំផែនការចែកចាយមីអ៊ីតាលីទៅជុំវិញពិភពលោក គឺទៅកាន់ប្រទេសនានា ដូចជា សហរដ្ឋអាមេរិក ប្រទេសកាណាដា ប្រទេសញូវហ្សឺលែន និងប្រទេសអូស្រ្តាលី ដែលប្រទេសទាំងអស់នេះមានចំណាប់អារម្មណ៍ចំពោះផលិតផលចំណីអាហារដែលផលិតពីសត្វល្អិត ហើយបានទទួលការអនុញ្ញាតឲ្យនាំចូលសត្វល្អិតសម្រាប់ការទទួលទានរួចរាល់ហើយ។ យើងក៏កំពុងបន្តអភិវឌ្ឍផលិតផលរបស់យើងដើម្បីបម្រើតម្រូវការក្នុងការទទួលទាននាពេលបច្ចុប្បន្ន និងនាពេលអនាគតផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.bugsolutely.com

រូបថតដោយ Bugsolutely

 

 

 

Issue 68

Horizon និយាយទៅកាន់ Kris Nalamlieng ដែលជានាយកគ្រប់គ្រង 2Spot Communications អំពីរបៀបដែលគាត់បានបង្កើតតួអង្គតុក្កតា Bloody Bunny ដោយចាប់ផ្តើមពីចំណុចសូន្យរហូតដល់មានភាពទាក់ទាញចំពោះអ្នកគាំទ្រទាំងឡាយនៅទូទាំងពិភពលោក។

តើអ្នកអាចប្រាប់យើងបន្តិបបន្តួចអំពី 2Spot Communications បានដែរឬទេ?

ដំបូងឡើយ យើងគឺជាក្រុមហ៊ុនទូរគមនាគមន៍មួយដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2010។ យើងមានប្រព័ន្ធមួយសម្រាប់បញ្ជូនព័ត៌មានក្រាហ្វិកទៅកាន់អតិថិជនរបស់យើង ហើយយើងមើលឃើញថាមានចំណាប់អារម្មណ៍កាន់តែខ្លាំងក្លាចំពោះទីផ្សារខ្លឹមសារឌីជីថលនេះ។ ដូច្នេះយើងបានជ្រើសរើសអ្នករចនាតួអង្គឲ្យចូលបម្រើការងារ ដើម្បីបង្កើតតួអង្គតុក្កតារបស់ខ្លួនយើងផ្ទាល់។ បច្ចុប្បន្ន យើងធ្វើការផ្សព្វផ្សាយម៉ាកសញ្ញាតាមរយៈប្រព័ន្ធផ្សព្វផ្សាយឌីជីថលដោយប្រើប្រាស់តួអង្គតុក្កតាសម្រាប់អាជីវកម្មឌីជីថល អាជីវកម្មដែលមានលក្ខណៈប្រពៃណី និងអាជីវកម្មលក់រាយ។

តើ Bloody Bunny គឺជាអ្វី?

Bloody Bunny គឺផ្អែកលើគំនិតរបស់តួអង្គដែលមានជម្លោះមួយ – គំនិតក្នុងការផ្លាស់ប្តូរទស្សនៈវិស័យរបស់យើងពីតុក្កតារូបសត្វទន្សាយដ៏គួរឲ្យស្រឡាញ់មួយក្បាលទៅជាអ្នកប្រយុទ្ធ ឬបុរសមួយរូប។ តួអង្គ Bloody Bunny រួមបញ្ចូលគ្នារវាងសិល្បៈរបស់ប្រទេសជប៉ុន និងប្រទេសអាមេរិក​ដើម្បីធ្វើឲ្យស័ក្តិសមតាមរចនាបថនៃការរស់នៅរបស់ប្រជាជនថៃ។ គាត់គឺជាតុក្កតារូបទន្សាយ ស មួយក្បាលដែលមើលទៅមានភាពស្អាតបាតប៉ុន្តែអាចមានភាពកាត់សាហាវ ប្រសិនបើមានស្ថានភាពចាំបាច់។ តួអង្គតុក្កតារបស់យើង គឺជាតួអង្គនៅក្នុងរឿងដែលមានលក្ខណៈជាការប្រយុទ្ធប្រឆាំងគ្នា ដែលកំណត់គោលដៅចំពោះបុគ្គលដែលមានវ័យពី 10 ឆ្នាំរហូតដល់ 30 ឆ្នាំ ដែលចូលចិត្តការសម្តែងចេញ ការបង្ហាញភាពរំជួលចិត្ត គំនិត និងអារម្មណ៍ចេញយ៉ាងច្បាស់លាស់។ បច្ចុប្បន្ន យើងបានបង្កើតហ្គេម និងគំនូរជីវចល Bloody Bunny នៅប្រទេសជប៉ុនផងដែរ។

តើអ្វីគឺជាចំណុចខ្លាំងរបស់ប្រទេសថៃនៅក្នុងវិស័យខ្លឹមសារឌីជីថល?

ជនជាតិថៃមានគំនិតច្នៃប្រឌិតខ្ពស់ – ដែលបានជាប់ចំណាត់ថ្នាក់លេខបីនៅអាស៊ី បន្ទាប់ពីប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង។ យើងមានប្រជាជនដែលមានគំនិតច្នៃប្រឌិតរាប់ពាន់នាក់ និងមានទីតាំងផលិតកម្ម និងទីភ្នាក់ងារផលិតកម្មរាប់ពាន់កន្លែងនៅក្នុងវិស័យនេះ។ ជាអកុសល យើងកម្របង្កើតផលិតផលដែលប្រើប្រាស់ IP (កម្មសិទ្ធិបញ្ញា) ផ្ទាល់ខ្លួនរបស់យើងសម្រាប់ការលក់ទៅក្រៅប្រទេសណាស់។

តាមគំនិតរបស់អ្នក តើនិន្នាការឈានមុនគេនៅក្នុងខ្លឹមសារឌីជីថលនាពេលបច្ចុប្បន្ន គឺជាអ្វី?

ខ្លឹមសារឌីជីថល គឺជាពាក្យដែលមានលក្ខណៈទូទៅមួយ។ វារួមបញ្ចូលកម្មវិធី ហ្គេម ប្រព័ន្ធផ្សព្វផ្សាយសង្គម និងគំនូរជីវចល។ សម្រាប់អាជីវកម្មតួអង្គតុក្កតា វានៅតែមានអនាគតភ្លឺស្វាង ពីព្រោះវាស័ក្តិសមសម្រាប់បណ្តាញនានាដែលអាចសម្រេចជោគជ័យបាន។ ឧទាហរណ៍៖ នៅក្នុងប្រទេសជប៉ុន មានតួអង្គតុក្កតា Kumamon ដែលជាអាជីវកម្មដែលមានតម្លៃពាន់លានមួយ។ មានវត្ថុជាច្រើនត្រូវបានលក់នៅពីក្រោមតួអង្គតុក្កតា Kumamon ទាំងពីការលក់សិទ្ធិថតចម្លង និងការលក់ទំនិញ។

តើបញ្ហាប្រឈមក្នុងការបង្កើតតួអង្គតុក្កតាក្នុងពេលសព្វថ្ងៃនេះមានអ្វីខ្លះ?

បញ្ហាប្រឈម គឺការបង្កើតតួអង្គតុក្កតាដែលកាន់តែមានចលនា មានអារម្មណ៍ និងមានអន្តរកម្មជាងនេះ។ មនុស្សទាំងឡាយត្រូវបង្កើតតួអង្គតុក្កតាជាច្រើន ដែលមិនមែនគ្រាន់តែជាតួអង្គតុក្កតាដែលនៅនឹងមួយកន្លែងសម្រាប់តែប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដូចកាលពីមុននោះទេ។

តើសហគ្រិនថៃចាំបាច់ត្រូវរៀនសូត្រអំពីអ្វីខ្លះដើម្បីអាចជ្រាតចូលទៅក្នុងទីផ្សារសកលលោកនៅក្នុងឧស្សាហកម្មខ្លឹមសារឌីជីថលនេះ?

ជាដំបូង ត្រូវសិក្សា និងសម្របខ្លួនទៅនឹងបម្រែបម្រួលនៃបច្ចេកវិទ្យាថ្មីៗដែលកើតឡើងជារៀងរាល់ថ្ងៃនេះ ជាមុនសិន។ បន្ទាប់មក អ្នកចាំបាច់ត្រូវតែសិក្សាយ៉ាងលម្អិតអំពីទីផ្សារអន្តរជាតិ។ ទីផ្សារនីមួយៗមានអត្តសញ្ញាណខុសៗគ្នា។

 

Issue 62

Horizon និយាយជាមួយ Sasathorn Na Songkhla នាយកចាត់ចែង Sabai-arom ពីរបៀប​គាត់បង្កើតផលិតផលថែរក្សាស្បែកពីគ្រឿងផ្សំក្នុងស្រុក និងនាំចេញពួកវាទៅជុំវិញពិភពលោក ។

តើអ្នកអាចប្រាប់ពួកយើងបន្តិចបានទេអំពី Sabai-arom?

Sabai-arom មានន័យថាអារម្មណ៍រីករាយ ។ ពួកយើងជាផលិតករ និងអ្នកចែកចាយផលិតផល​សម្ផស្សក្រោមស្លាកសញ្ញា Sabai-arom ។ សុភមង្គលចីរភាពគឺនៅចំណុចកណ្តាលនៃមុខជំនួញ​របស់ពួកយើង ពីព្រោះពួកយើងចង់ជំនួញដែលមានប្រយោជន៍ និងផ្តល់ផលិតផលដែលធ្វើ​ឲ្យ​គ្រប់គ្នាសប្បាយចិត្ត ។

តើអ្វីដែលធ្វើឲ្យផលិតផលរបស់អ្នកពិសេស?

ពួកយើងប្រើគ្រឿងផ្សំក្នុងស្រុក 100% ពីព្រោះពួកយើងជឿជាក់លើគុណភាពវត្ថុធាតុ​ដើមថៃ​ក្នុងស្រុក ។ ខ្ញុំជាមនុស្សល្អិតល្អន់ រាល់ដំណើរការផលិតទាំងអស់ត្រូវបានធ្វើយ៉ាងប្រុងប្រយ័ត្ន ពីប្រភពវត្ថុធាតុដើមដល់ការផលិតផលិតផល និងការរចនាកញ្ចប់ ។ ក្រុមខ្ញុំ និងខ្ញុំធ្វើដំណើរ​ពាសពេញប្រទេសថៃដើម្បីស្វែងរកគ្រឿងផ្សំគ្មានជាតិគីមីល្អបំផុតសម្រាប់ផលិតផល​របស់​ពួកយើង ។ ពួកយើងទទួលបានគ្រឿងផ្សំពីកសិករដែលយកចិត្តទុកដាក់លើអេកូឡូស៊ី និងដំណាំពួកគេ ហើយស្រឡាញ់អ្វីដែលពួកគេធ្វើ ។ ដូចខ្ញុំបាននិយាយពីមុន សុភមង្គលគឺជាគ្រឿងផ្សំសំខាន់នៃផលិតផលរបស់ពួកយើង ដូច្នេះខ្ញុំចង់ធានាថាអ្នកទាំងអស់គ្នាក្នុងចង្វាក់ជំនួញ​គឺ​រីករាយ ។

តើអ្វីខ្លះជាផលិតផលសំខាន់របស់អ្នក?

បច្ចុប្បន្ន Sabai-arom ផ្តល់ផលិតផលសំខាន់ពីរ ៖ ផលិតផលសម្ផស្ស និងដំណោះ​ស្រាយបរិយាកាស​ក្នុង​ផ្ទះ ។ សម្រាប់ផលិតផលសម្ផស្ស អ្នកអាចរកបាននូវឡេ សាប៊ូកក់សក់ និងប្រេងម៉ាស្សា ខណៈដែរដំណោះ​ស្រាយបរិយាកាស​ក្នុង​ផ្ទះ រួមមានឧបករណ៍បញ្ចេញក្លិន និងទៀនក្រអូប ។ ពួកយើងមានផលិតផលជាង 10 មុខនៃផលិតផលសម្ផស្សជាមួយក្លិនខុសៗគ្នា ឧទាហរណ៍ផលិតផល Divine Mango របស់ពួកយើង ត្រូវបានធ្វើពីស្វាយ Mahachanok ពី​ខេត្ត Lamphun ។ វាមានវីតាមីន ជាតិរ៉ែ និងប្រឆាំងរោគមហារីកពេញលេញ ។ ផលិតផល Coconut de Samui របស់យើង មានផលិតផលផ្សេងៗ ដែលប្រើគ្រឿងផ្សំយកចេញពីដូងលើកោះ Samui ដែលជាទិសដៅទេសចរណ៍ដ៏ល្បីបំផុតរបស់ប្រទេសថៃ និងចំការដូង ។

តើនរណាខ្លះជាអតិថិជនរបស់អ្នក?

អតិថិជន Sabai-arom គឺជាជនជាតិថៃ និងទេសចរណ៍បរទេស ជាពិសេសពីប្រទេសអាស៊ី ។ បច្ចុប្បន្ន ផលិតផលរបស់ពួកយើងមានជាង 200 សាខានៃហាងលក់រាយ Boots ពាសពេញ​ប្រទេសថៃ ។ ប្រហែល 40% នៃផលិតផលរបស់ពួកយើងត្រូវបាននាំចេញទៅប្រទេសជប៉ុន ប្រទេសរុស្ស៊ី ប្រទេសម៉ាឡេស៊ី ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ហើយពួកយើងនឹងនាំចេញទៅប្រទេសកូរ៉េខាងត្បូងឆាប់​ៗ​នេះ ។ បន្ថែមទៀត ពួកយើងមានហាង Sabai-arom ក្នុង​ប្រទេសជប៉ុន និង​ប្រទេសម៉ាឡេស៊ី ។

តើរង្វាន់អ្វីខ្លះដែលអ្នកបានឈ្នះ?

Sabai-arom ត្រូវបានជ្រើសរើស និងយល់ស្របដោយ DITP ក្នុងការប្រើស្លាកសញ្ញាគួរឲ្យជឿជាក់​របស់ប្រទេសថៃ (T/Mark) ដែលជានិមិត្តសញ្ញានៃភាពល្អឥតខ្ចោះ និងគុណភាពគួរឲ្យជឿជាក់​របស់ផលិតផលថៃ ។

តើរំពឹងអនាគត Sabai-arom យ៉ាងដួចម្តេច?

ពួកយើងកំពុងបន្តអភិវឌ្ឍផលិតផលរបស់យើងជាមួយផលិតផលកាន់តែច្រើន និងមាន​គម្រោងពង្រីកទីផ្សារបរទេស ។ ពួកយើងចង់ឃើញ Sabai-arom ក្លាយជាស្លាកសញ្ញាថែរក្សា​ស្បែកល្បីល្បាញបំផុតជាមួយអតិថិជនថៃ និងអំណោយដ៏ល្អមួយដែលទេសចរណ៍បរទេស​អាចទិញជូនអ្នកជាទីស្រឡាញ់របស់ពួកគេ ។ Sabai-arom ក៏សង្ឃឹមធ្វើការកាន់តែជិតស្និទ្ធជាមួយកសិករថៃ និងជួយសហគមន៍ក្នុងតំបន់ដែលផ្គត់ផ្គង់គ្រឿងផ្សំរបស់ពួកយើង ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www.sabai-arom.com

 

Issue 66

Darunotai Vajrodaya ដែលជាម្ចាស់ និងអ្នកច្នៃម៉ូដ Magical Realism បានប្រាប់ Horizon អំពី​របៀបដែលនាងបានបង្វែរចំណង់របស់នាងចំពោះគ្រឿងអលង្កាឲ្យទៅជាវិជ្ជាជីវៈ។

តើអ្នកអាចប្រាប់យើងខ្ញុំបន្តិចបន្តួចអំពី Magical Realism បានដែរឬទេ?

ខ្ញុំមានបំណងចង់ធ្វើជាអ្នកច្នៃម៉ូដគ្រឿងអលង្កា តាំងពីខ្ញុំមានអាយុ 15 មកម៉្លេះ ពីព្រោះខ្ញុំស្រលាញ់​ម៉ូដសម្លៀកបំពាក់ ហើយគ្រឿងអលង្កាគឺជាចំណង់របស់ខ្ញុំ។ ដោយបានបង្កើតឡើងនៅក្នុងឆ្នាំ 2015 ក្រុមហ៊ុនរបស់ខ្ញុំ​មានម៉ាកសញ្ញាគ្រឿងអលង្កា និងសម្ភារបន្ទាប់បន្សំចំនួនបួន ដែលរួមមាន Darunotai, Magical Realism, Charming Realism និង Maya Luxana ដែលម៉ាកសញ្ញានីមួយៗមានលក្ខណៈ និងអតិថិជនគោលដៅ​ខុសៗគ្នា។

តើអ្នកអាចពន្យល់យើងខ្ញុំអំពីម៉ាកសញ្ញារបស់អ្នកបានដែរឬទេ?

ម៉ាកសញ្ញាទីមួយរបស់ខ្ញុំ គឺ Darunotai ដែលវាគឺជាម៉ាកសញ្ញាគ្រឿងអលង្កាដ៏ល្អមួយ។ ខូលលិកសិននេះត្រូវបានអភិវឌ្ឍពីគម្រោងបញ្ចប់ការសិក្សាររបស់ខ្ញុំ ដែលមានឈ្មោះថា Lost at Sea ដែលខ្ញុំបានធ្វើវានៅមហាវិទ្យាល័យសិល្បៈ និងការច្នៃម៉ូដ Central Saint Martins សាកលវិទ្យាល័យសិល្បៈ នៅទីក្រុង​ឡុងត៍។ ខូលលិកសិននេះទទួលបានការបំផុសគំនិតពីដៃរបស់សត្វមឹក។ ខ្ញុំបានចាត់ទុកដៃទាំងនោះថា​ជាបន្ទាត់ដែលស្ថិតនៅក្នុងទម្រង់ដែលមានសេរីភាព ហើយខ្ញុំបានស្រមើស្រមៃរបៀបដែលវាអាចបង្កើត​ទ្រង់ទ្រាយ និងទម្រង់នានានៅលើខ្លួនប្រាណរបស់មនុស្ស។ ដូច្នេះហើយក៏ក្លាយជាម៉ូដរបស់ខូលលិកសិន Darunotai។ ម៉ាកសញ្ញា Magical Realism ផ្តោតលើសម្ភារបន្ទាប់បន្សំលើម៉ូដសម្លៀកបំពាក់ ដូចជា​កាបូប និងចិញ្ចៀនជាដើម ដែលទទួលបានការបំផុសគំនិតពីសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែលត្រូវបានច្នៃម៉ូដឡើងវិញដោយបន្ថែមមុខងារ និងសម្ភារសម្រាប់បន្ថែមពីលើនានា ដូចជាកាបូបដៃដែលមើលទៅដូចជាដបស្រា។ ម៉ាកសញ្ញា Charming Realism ផ្តល់ជូននូវគ្រឿងអលង្កាសម្រាប់ម៉ូដសម្លៀកបំពាក់ក្នុងតម្លៃសមរម្យ ខណៈពេលដែល Mayaluxana គឺជាគ្រឿងអលង្កាដែលមានភាពប្រណិតជាខ្លាំង ដែលបង្ហាញគំនិតចំពោះរូបរាងសត្វដែលកើតចេញពីការស្រមើស្រមៃដែលមកពីព្រៃ Himavanta ដែលជាព្រៃមួយនៅក្នុងរឿងព្រេងនិទាននៅក្នុងការសិក្សាអំពីទេវកថារបស់សាសនាហិណ្ឌូ។

តើអ្វីគឺជាចំណុចខ្លះនៃម៉ាកសញ្ញារបស់អ្នក?

យើងមានចេតនាជ្រើសរើសយកសម្ភារដែលមានគុណភាពល្អមកពីប្រភពខុសៗគ្នាទាំងនៅក្នុង​ស្រុក និងនៅក្រៅប្រទេសដើម្បីធានាថា ផ្នែកនានានៃគ្រឿងអលង្កានឹងជួយបង្កើនបុគ្គលិកលក្ខណៈ​របស់អ្នកពាក់ ហើយពួកគេគួរតែមានអារម្មណ៍ងាយស្រួលក្នុងការពាក់វា។ គ្រប់ខូលលិកសិនទាំងអស់​ត្រូវបានធ្វើឡើងដោយដៃ និងអាចកែប្រែបាន។ យើងអនុញ្ញាតឲ្យអតិថិជនជ្រើសរើសសម្ភារដែលពួកគេពេញចិត្តសម្រាប់គ្រឿងអលង្ការបស់ពួកគេ ហើយតម្លៃនឹងអាស្រ័យទៅលើសម្ភារទាំងនោះ ដូចជាត្បូង មាស និងប្រាក់ជាដើម។

តើអ្វីគឺជាភាពជោគជ័យរបស់អ្នកដែលធ្វើឲ្យអ្នកមានមោទនភាពជាទីបំផុត?

ខ្ញុំត្រូវបានជ្រើសរើសដោយទស្សនាវដ្តី Wallpaper ឲ្យធ្វើជាអ្នកច្នៃម៉ូដគ្រឿងអលង្កានៅលើនាឡិកាសម្រាប់ឆ្នាំ 2014 នៅចក្រភពអង់គ្លេស។ ការងាររបស់ខ្ញុំ គឺ ខូលលិកសិន Darunotai – ដែលនោះគឺជា​គម្រោងបញ្ចប់ការសិក្សារបស់ខ្ញុំ – បានបង្ហាញរូបរាងនៅក្នុងជំនាន់ក្រោយរបស់ទស្សនាវដ្តី Wallpaper ច្បាប់ចេញផ្សាយសម្រាប់ខែមករា ឆ្នាំ 2014។

តើអ្នកលក់គ្រឿងអលង្ការបស់អ្នកនៅកន្លែងណា?

អតិថិជន អាចស្វែងរក និងទិញខូលលិកសិនគ្រឿងអលង្ការរបស់យើងបាននៅផ្សារទំនើប Emporium នៅទីក្រុងបាងកក ព្រមទាំងតាមបណ្តាញអនឡាញ ដូចជា Facebook, Instagram និង Line ជាដើម។

តើអតិថិជនរបស់អ្នកគឺជាអ្នកណា?

បច្ចុប្បន្ន អតិថិជនរបស់យើង 60% គឺជាជនបរទេស និង 40% ទៀតគឺជាជនជាតិថៃ។ ប៉ុន្តែ ម៉ាកសញ្ញា​នីមួយៗមានអតិថិជនគោលដៅខុសៗគ្នា។ ជនជាតិអឺរ៉ុបចូលចិត្ត Darunotai ខណៈពេលដែលជនជាតិ​ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងមជ្ឈិមបូព៌ា ចូលចិត្តទិញខូលលិកសិន Charming Realism។ កន្លងមក Mayaluxana មានអតិថិជនគោលដៅជាជនជាតិថៃ ពីព្រោះពួកគេយល់អំពីរូបភាពខាងក្រោយរបស់ព្រៃ Himmavanta និងត្រៀមខ្លួនជាស្រេចក្នុងការចំណាយប្រាក់សម្រាប់ខូលលិកសិនដែលប្រណិត​ខ្លាំងនេះ។ អតិថិជនគោលដៅរបស់ Magical Realism គឺជនជាតិរុស្សី និងជនជាតិចិន។

តើផែនការនាពេលអនាគតរបស់អ្នកគឺជាអ្វី?

ខ្ញុំចង់បើកហាងលក់ផលិតផលល្អបំផុតនៅក្នុងប្រទេសថៃ ហើយនឹងធ្វើការពង្រីកហាងយ៉ាងសកម្មទៅកាន់ទីផ្សារអន្តរជាតិតាមរយៈការបើកហាងដែលបញ្ជាទិញតាមប្រព័ន្ធកុំព្យូទ័រ ឬការដាក់បង្ហាញ និងចែកចាយខូលលិកសិនរបស់ខ្ញុំនៅក្នុងការតាំងពិពណ៌ពាណិជ្ជកម្មគ្រឿងអលង្កាដ៏ល្បីល្បាញ។ ខ្ញុំនឹងផ្តោត​បន្ថែមលើការបង្កើនការយល់ដឹងអំពីម៉ាកសញ្ញាតាមរយៈវែបសាយត៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គមដែលជាកន្លែងដែលខ្ញុំអាចពិនិត្យតាមដានអាកប្បកិរិយាក្នុងការទិញរបស់អតិថិជនបានយ៉ាងជិតស្និទ្ធ មានអន្តរកម្មជាមួយពួកគេ និងទទួលបានយោបល់ត្រឡប់ភ្លាមៗ។ ការធ្វើបែបនេះជួយខ្ញុំឲ្យបង្កើតខូលលិកសិនបានកាន់តែល្អដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ។ ខ្ញុំក៏មានផែនការដាក់ខូលលិកសិនគ្រឿងអលង្ការបស់ខ្ញុំទៅកាន់កម្មវិធីពានរង្វាន់នៃការច្នៃម៉ូដល្អឥតខ្ចោះ (Design Excellent Award (DEmark)) ផងដែរ ហើយខ្ញុំជឿជាក់ថា ខ្ញុំនឹងឈ្នះពានរង្វាន់នោះ ខ្ញុំនឹងទទួលបានឱកាសកាន់តែល្អប្រសើរក្នុងបញ្ជៀតខ្លួនចូលទីផ្សារទាំងនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.darunotai.com ឬតាមដាន FB:MagicalRealismWorld, Instagram:MagicalRealismWorld និង Line ID: Houseof Magic។

រូបភាព ភាពទន់ភ្លន់របស់ Magical Realism

 

Issue 61

Teerapol Akaratiwa និង Warunya Nuntasunti ដែលជានាយកគ្រប់គ្រង Least Studio ប្រាប់អំពីវិធីដែលក្រុមហ៊ុនរបស់ពួកគេបានផ្តល់ប្រកាសនីយបត្រតក្កកម្មសម្រាប់រូបមន្តថ្មីមួយសម្រាប់ការរួមបញ្ចូលវត្ថុធាតុជ័រទៅក្នុងសម្ភារប្រើប្រាស់ក្នុងការរស់នៅ។

តើអ្នកអាចប្រាស់យើងអំពីរឿងរ៉ាវដែលនៅពីក្រោយ Least Studio បានដែរឬទេ?

Least Studio ត្រូវបានបង្កើតឡើងកាលពីបីឆ្នាំមុនដោយអ្នករចនាជនជាតិថៃមួយក្រុមតូច ដែលមានចំណង់ចំណូលចិត្ត និងគោលការណ៍ក្នុងការរចនាដូចគ្នា។ ផលិតផលសុទ្ធរបស់យើងបានរួមបញ្ចូលគ្នារវាងការរចនាដ៏ប្រុងប្រយ័ត្ននិងបទពិសោធន៍របស់ប្រើប្រាស់។ ដោយមានផ្ទាំងខាងក្រោយដែលមានលក្ខណៈស្ថាបត្យកម្ម យើងជឿជាក់ថា ការរចនាដ៏ល្អត្រូវមានមុខងារដំណើរការល្អ និងបង្កើតបទពិសោធន៍អ្នកប្រើប្រាស់ដ៏ល្អមួយ។

តើអ្នកអាចពន្យល់ថាតើចំណុចពិសេសរបស់កម្រាលសម្រាប់ការកាត់សម្ភាររបស់អ្នកគឺជាអ្វី បានដែរឬទេ?

កម្រាលសម្រាប់ការកាត់សម្ភារធម្មតាមួយ គឺអាចប្រើប្រាស់បានយូរ និងអាចជួសជុលឡើងវិញ​បានដោយខ្លួនឯង ប៉ុន្តែសាច់ក្រណាស់ និងទម្ងន់របស់វាមិនស័ក្តិសមសម្រាប់ផលិតផលប្រើ-ប្រាស់ក្នុងការរស់នៅរបស់យើងឡើយ។ ដូច្នេះ Least Studio និងរោងចក្រផលិតសារធាតុជ័រ​បានរួមកម្លាំងគ្នានៅក្នុងការអនុវត្តការស្រាវជ្រាវ និងបង្កើតរូបមន្តថ្មីមួយសម្រាប់វត្ថុធាតុជ័រ ដែលអាចប្រើប្រាស់សម្រាប់ផលិតផលិតផលប្រើប្រាស់នៅក្នុងរស់នៅរបស់យើងបាន រួមមាន​កាបូបដៃ សឺមីដាក់ឯកសារ ប្រអប់ខ្មៅដៃ សម្រាប់ដាក់លិខិតឆ្លងដែន និងសៀវភៅគូររូប។ កម្រាលសម្រាប់ការកាត់សម្ភារផលិតពីជ័រធម្មជាតិ 100% ដែលប្រើប្រាស់រូបមន្តថ្មីរបស់យើង មានទម្ងន់ស្រាល អាចជួសជុលដោយខ្លួនឯងបាន ធន់នឹងទឹក ធន់នឹងស្នាមខ្វាច និងអាចប្រើ-ប្រាស់បានយូរ ដោយពុំមានក្លិនជ័រនោះទេ។

តើចំណុចអ្វីខ្លះដែលធ្វើឲ្យផលិតផលរបស់អ្នកមានលក្ខណៈពិសេស?

បន្ថែមពីលើមុខងារស្តង់ដាររបស់ពួកគេ អ្នកប្រើប្រាស់អាចប្រើប្រាស់ផ្ទៃរបស់ផលិតផលជាកម្រាលសម្រាប់ការកាត់សម្ភារ។ យើងបានសាកល្បងផលិតផលទាំងនេះដោយកាំបិតវះកាត់​ហើយវាគ្មានស្នាមដាច់រលាត់ ឬស្នាមរហែកឡើយ។

តើអតិថិជនដែលមានសក្តានុពលរបស់អ្នក គឺជាអ្នកណាខ្លះ?

មនុស្សគ្រប់រូបដែលស្រឡាញ់វត្ថុដែលបានរចនាឡើង គឺជាអតិថិជនដែលមានសក្តានុពលរបស់យើង។ យើងបានកំណត់គោលដៅចំពោះអតិថិជននៅក្នុងប្រទេសជប៉ុន តៃវ៉ាន់ ប្រទេស​សិង្ហបុរី និងប្រទេសម៉ាឡេស៊ី។ ប្រសិនបើជនជាតិជប៉ុនស្រឡាញ់ និងទទួលយកផលិតផលរបស់យើង វាមានន័យថា គុណភាពរបស់យើងមានស្តង់ដារខ្ពស់។

តើអ្នកបានឈ្នះពានរង្វាន់ណាមួយដែរឬទេ?

សម្រាប់ដាក់សឺមីរបស់យើង និងសម្រាប់ដាក់ tablet របស់យើងបានឈ្នះពានរង្វាន់ការរចនាល្អឥតខ្ចោះ (DEmark) នៅក្នុងឆ្នាំ 2016 និងត្រូវបានជ្រើសរើសដោយ DITP ឲ្យចូលរួមដាក់តាំងពិពណ៌នៅក្នុងកម្មវិធីការរចនានៅប្រទេសកូរ៉េ (Design Korea) នៅក្នុងឆ្នាំ 2016។ សឺមីនេះត្រូវបានធ្វើឡើងពីកម្រាលសម្រាប់ការកាត់សម្ភារដ៏ពិសេសរបស់យើង និងស័ក្តិសមសម្រាប់ការប្រើប្រាស់ជារៀងរាល់ថ្ងៃ។

តើពានរង្វាន់ DEmark បានជួយដល់ម៉ាកសញ្ញារបស់អ្នកយ៉ាងដូចម្តេចខ្លះ?

DEmark ធានាអំពីការរចនា និងគុណភាពផលិតផលដែលល្អដាច់គេរបស់យើង។ ពានរង្វាន់នេះពង្រឹងទំនុកចិត្តរបស់អតិថិជនចំពោះផលិតផលរបស់យើង។ ក្នុងនាមជាអ្នកឈ្នះពានរង្វាន់ DEmark មួយរូប Least Studio មានឱកាសដ៏អស្ចារ្យក្នុងការផ្សព្វផ្សាយអំពីផលិតផលរបស់យើងនៅក្នុងកម្មវិធីតាំងពិពណ៌ពាណិជ្ជកម្មជាច្រើននៅក្នុងប្រទេសថៃ និងនៅក្រៅប្រទេសដែល​មានជំនួយពី DITP។

តើអនាគតរបស់ Least Studio គឺយ៉ាងដូចម្តេច?

ក្រុមហ៊ុនមានផែនការពង្រឹងខ្សែសង្វាក់ផលិតកម្ម ប្រហែលជាសម្រាប់គ្រឿងសង្ហារិម ហើយយើងអាចផ្គត់ផ្គង់កម្រាលសម្រាប់ការកាត់សម្ភារដែលមានលក្ខណៈពិសេសនេះជាវត្ថុធាតដើម​សម្រាប់អ្នកផលិតផ្សេងទៀតដែលមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់វាសម្រាប់ផលិតផលរបស់ពួកគេ។ យើងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការបង្កើតការរចនាថ្មីៗដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.leaststudio.com, សូមចុច follow FB៖ Least Studio និង IG៖ leaststudio

 

Tags: Design | Rubber | DEmark | DITP